ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តន៍បន្តរបស់ក្រុម ការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ ជាអនុប្រធានគណៈទីប្រឹក្សា និងក្រុមប្រតិបត្តិនៃក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ សរុបចំនួន ១៨នាក់។
របៀបវារៈក្នុងកិច្ចប្រជុំនោះរួមមាន៖ ១. របាយការណ៍វឌ្ឍនភាពសង្ខេបនៃការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ឆមាសទី១ ឆ្នាំ២០២១។ ២. បទឧទ្ទេសនាម ស្តីពី កិច្ចប្រជុំកំពូល មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍។ ៣. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ឆ្នាំ២០២១។ ៤. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃការព្យាបាលអ្នកជំងឺអេដស៍ និង រយៈពេលនៃការទទួលបានឱសថប្រឆាំងមេរោគអេដស៍ (MMD) ក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩។ ៥. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃសុខភាពមាតា ទារក និងកុមារ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងបទឧទ្ទេសនាមរួចមក លោកជំទាវកិត្តិសង្គ ហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានបំពេញ ការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមបែបគន្លងថ្មី និងបត់បែនទៅតាមសភាពការណ៍ បច្ចុប្បន្ន។
ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាទុនបន្ថែមសម្រាប់អនុវត្តន៍ការងារបន្តទៅមុខទៀត ហើយសង្ឃឹមជឿជាក់ថា ការ ប្តេជ្ញាចិត្តរបស់ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តដំណើរការដោយរលូនទៅតាម ទិសដៅ ដែលបានកំណត់ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ៕ដោយ សាយ សុន (ប្រភព៖ កាកបាទក្រហមកម្ពុជា)



No comments:
Post a Comment